គំនិតផ្តួចផ្តើមដើម្បីពង្រឹងសមិទ្ធផលសង្គម

By: giant

គំនិតផ្តួចផ្តើមដើម្បីពង្រឹងសមិទ្ធផលសង្គម

ដាប់ប៊ែលយូប៊ី ហ្វាយនែន មានកិត្តិយសបម្រើដល់ប្រជាជនកម្ពុជាដែលមានប្រាក់ចំណូលទាបដែលភាគច្រើនរស់នៅក្នុងតំបន់ជនបទដោយផ្តល់ប្រាក់កម្ចីខ្នាតតូច និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត ដើម្បីផ្តល់សិទ្ធិអំណាចដល់ស្រ្តីក្រីក្រ និងគ្រួសាររបស់ពួកគេ ដើម្បីកែលម្អជីវិតរស់នៅរបស់កុមារ និងមានសក្តានុពលសម្រាប់សហគមន៍។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ៨២%នៃអតិថិជនចំនួន១៩១,៩៧០នាក់របស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានចូលរួមតាមរយៈធនាគារសហគមន៍ ដែលជាវិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្ត្រផ្តល់ប្រាក់កម្ចីចំនួនបីរបស់យើង ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់សហគ្រិនខ្នាតតូចក្រីក្រដែលមានទំហំប្រាក់កម្ចីចាប់ពី២០ដុល្លារអាមេរិកទៅ៣៥០ដុល្លារអាមេរិក។

វិធីសាស្រ្តគាំទ្រអ្នកក្រីក្ររបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ត្រូវបានអមដោយការផ្តួចផ្តើមផ្តោតលើការតម្រង់ទិសសង្គមផ្សេងទៀត ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវដំណើរការសង្គមរបស់យើង រួមទាំងឥណទានជាមួយលក្ខខណ្ឌពិសេសនិងអាចបត់បែនបាន ក្នុងការកែសម្រួលនិងបំពេញតាមតម្រូវការរបស់អតិថិជនគោលដៅរបស់យើង។

កម្មវីធីសន្សំប្រាក់កុមារ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានលើកទឹកចិត្តដល់ឪពុក ម្តាយ នៅក្នុងសហគមន៍ ក្នុងការសន្សំសំចៃថវិកាសម្រាប់កូនៗរបស់ពួកគាត់។ ការសន្សំដំបូងមានតម្លៃចាប់ពី ២០,០០០ រៀល (៥ ដុល្លារអាមេរិក) ទ្បើងទៅ ត្រូវបានដាក់បញ្ចូលទៅក្នុងគណនីសន្សំរបស់ក្មេងជាង ១៤,០០០ នាក់ ក្នុងរយៈពេលវែង ដើម្បីឲ្យកូនៗរបស់ពួកគេបន្តក្តីស្រម៉ៃរបស់ពួកគេបាន។

ប្រាក់កម្ចីធុងទឹកចម្រោះ និងអនាម័យ

  • កម្ចីសម្រាប់ទឹកស្អាត៖ តាំងពីដើមឆ្នាំ២០១១មក ដាប់ប៊ែលយូប៊ី ហ្វាយនែន បានធ្វើការជាដៃគូជាមួយអង្គការកម្មវិធីសម្រាប់បច្ចេកវិទ្យាសមស្របក្នុងវិស័យសុខាភិបាល (PATH- Program for Appropriate Technology in Health) និងសហគ្រាសសង្គមជលសាស្ត្រ (Hydrologic Social Enterprise) ក្នុងការផ្តល់កម្ចីដល់ពលរដ្ឋសហគមន៍នៅតាមបណ្តាខេត្តមួយចំនួនដូចជា KSC ខេត្តកណ្តាល តាកែវ កំពង់ចាម កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ កំពត និងសៀមរាបជាដើម ដើម្បីឱ្យពួកគេអាចមានលទ្ធភាពទិញឧបករណ៍ចម្រោះទឹកដើម្បីលើកកម្ពស់ទឹកស្អាតនៅក្នុងសហគមន៍។ គំនិតផ្តួចផ្តើមនេះបានលើកកម្ពស់ការថែទាំសុខភាពល្អជាមួយនឹងការផ្លាស់ប្តូរអាកប្បកិរិយាជាវិជ្ជមានរបស់ប្រជាជនសហគមន៍ ដើម្បីឆ្ពោះទៅរកការបន្សុតទឹកសម្រាប់ការប្រើប្រាស់ទឹកស្អាត។ ឥលូវនេះយើងមានអតិថិជនចំនួន៣១,៩២៤នាក់ជាមួយផលប័ត្រឥណទានចំនួន៨៤២,៥៤១ដុល្លារអាមេរិក។
  • ឥណទានសម្រាប់ការផ្តល់ហិរញ្ញប្បទានអនាម័យ (Loan for Sanitation Financing)៖ នៅដើមឆ្នាំ២០១២ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានធ្វើការជាដៃគូជាមួយអង្គការកម្មវិធីសម្រាប់បច្ចេកវិទ្យាសមស្របក្នុងវិស័យសុខាភិបាល (PATH- Program for Appropriate Technology in Health) និងសហគ្រាសអភិវឌ្ឍន៍អន្តរជាតិ (International Development Enterprise) និងក្រោយមកទៀតនៅពាក់កណ្តាលឆ្នាំ២០១២ ជាមួយអង្គការ WaterSHED ដើម្បីធ្វើតេស្តសាកល្បងផ្តល់ប្រាក់កម្ចីហិរញ្ញប្បទានអនាម័យឬប្រាក់កម្ចីធ្វើបង្គន់អនាម័យនៅក្នុងខេត្តកណ្តាលនិងខេត្តបាត់ដំបង។ ហើយនៅឆ្នាំ២០១៣ ក៏មានការសហការជាមួយអង្គការលំនៅដ្ឋានមនុស្សជាតិនៅកម្ពុជា (Habitat for Humanity Cambodia) ដើម្បីវាស់ស្ទង់តម្រូវការផលិតផលសម្រាប់សហគមន៍ក្នុងខេត្តសៀមរាប។ បច្ចុប្បន្ននេះ យើងមានអតិថិជនចំនួន៩,០៥៥នាក់ជាមួយផលប័ត្រឥណទានចំនួន៧៦៨,៩០៨ដុល្លារអាមេរិក។

ប្រាក់កម្ចីសម្រាប់ការពារបរិស្ថាន

ដាប់ប៊ែលយូប៊ី ហ្វាយនែន បានចាប់ផ្តើម “ឥណទានថាមពលព្រះអាទិត្យ” នៅក្នុងភាពជាដៃគូជាមួយ ISS (International Solar Solution) និងជាមួយ KAMWORKS។ យើងផ្តល់ប្រាក់កម្ចីដល់អតិថិជនដើម្បីទិញឧបករណ៍ពន្លឺព្រះអាទិត្យសម្រាប់ បំភ្លឺផ្ទះជាផ្នែកមួយនៃការលើកកម្ពស់ការអប់រំកុមារនៅពេលយប់ និងរួមចំណែកដល់ការកាត់បន្ថយផលប៉ះពាល់ផ្ទះកញ្ចក់ជាសកលផងដែរ។ គំនិតផ្តួចផ្តើមនេះបានចាប់ផ្តើមសាកល្បងនៅខេត្តកំពង់ធំក្នុងឆ្នាំ២០១១ និងនៅចុងឆ្នាំ២០១៣ នៅខេត្តក្រចេះជាមួយ KAMWORKS ហើយបានបម្រើដល់អតិថិជនប្រម៉ាន់ជា២៥នាក់ ជាមួយផលប័ត្រឥណទានចំនួន៧,២៨៨ដុល្លារអាមេរិក។

ឥណទានជាមួយការអប់រំសុខភាព

គិតត្រឹមខែធ្នូ ឆ្នាំ២០១៥ អតិថិជន ដាប់ប៊ែលយូប៊ី ហ្វាយនែន ចំនួន ៥,០៩៣នាក់ បានទទួលវគ្គហ្វឹកហ្វឺនសុខភាពមូលដ្ឋាន ទៅលើជំងឺគ្រុនឈាម រោគរាករូស បាតុកម្មអាហារ អនាម័យការសម្អាតដៃ អាហារបំប៉ន និងអនាម័យទូទៅ ដែលនាំឱ្យមានការថែទាំសុខភាពល្អប្រសើរសម្រាប់កុមារ។

ប្រាក់កម្ចីសម្រាប់សិក្សា ចំពោះនិស្សិត

ដាប់ប៊ែលយូប៊ី ហ្វាយនែន បានបង្កើតផលិតផលកម្ចីពិសេសមួយដែលផ្តោតទៅលើក្រុមគ្រួសារណាដែលមានកូនពូកែក្នុងការរៀនសូត្រ តែមិនមានលទ្ធភាពក្នុងការបន្តយកកម្រិតអប់រំខ្ពស់ ឬ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយសារតែវិបត្តិហិរញ្ញវត្ថុនៅក្នុងគ្រួសារ។ គេអាចធ្វើការស្នើកម្ចីការសិក្សាដោយមានទឹកប្រាក់រហូតដល់៣,០០០ដុល្លារអាមេរិក ហើយអាចធ្វើការសងបានក្នុងរយៈពេល៥ឆ្នាំ។ កូនៗរបស់ក្រុមគ្រួសារដែលបានធ្វើការខ្ចីកម្ចីនេះ អាចមានលទ្ធភាពក្នុងការបញ្ចប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កម្មវិធីថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ ឬកម្មវិធីថ្នាក់អនុបណ្ឌិត។ គួរឲ្យមានការកត់សម្គាល់ផងដែរទៅលើការកើនទ្បើងនៃចំនួនអតិថិជនដែលបានស្នើកម្ចីនេះ ដោយនាពេលបច្ចុប្បន្ន យើងមានអតិថិជនចំនួន៥៥៥នាក់ជាមួយផលប័ត្រឥណទានចំនួន២៤៥,៣៣០ដុល្លារអាមេរិក។

កម្ចីសម្រាប់សហករណ៍កសិកម្មសម្របសម្រួលដោយអង្គការទស្សនៈពិភពលោកកម្ពុជា

នៅចុងឆ្នាំ២០១៣ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានចាប់ផ្តើមផ្តល់កម្ចីសហករណ៍សង្គមជាមួយអត្រាការប្រាក់អំណោយផលដល់សហករណ៍កសិកម្ម ដែលមានការសម្របសម្រួលដោយអង្គការទស្សនៈពិភពលោកកម្ពុជា។ កម្ចីពី ដាប់ប៊ែលយូប៊ី ហ្វាយនែន នឹងអនុញ្ញាតឱ្យពួកគេមានដើមទុនគ្រប់គ្រាន់ដើម្បីចាប់ផ្តើមនិងពង្រីកអាជីវកម្មរបស់ពួកគេដូចជាការទិញជីសម្រាប់ការធ្វើស្រែ ការបង្កើតស្ថានីយ៍ប្រេងឥន្ធនៈ ការកសាងហាងសម្រាប់ចែកចាយផលិតផលកសិកម្មជាដើម។ សហករណ៍កសិកម្មចំនួន១៣ដែលមានការសម្របសម្រួលដោយអង្គការទស្សនៈពិភពលោកកម្ពុជាក្នុងខេត្តកណ្តាល តាកែវ កំពង់ឆ្នាំង កំពត និងសៀមរាប អាចមានលទ្ធភាពក្នុងការទទួលបានកម្ចីពី ដាប់ប៊ែលយូប៊ី ហ្វាយនែន ជាមួយផលប័ត្រឥណទានចំនួន៧១,៥០០ដុល្លារអាមេរិក ដើម្បីចាប់ផ្តើមនិងពង្រីកអាជីវកម្មរបស់ពួកគេ។

កម្ចីសម្រាប់ជនរងគ្រោះនៃគ្រោះធម្មជាតិនិងគម្រោងថវិកាសម្រាប់ការងារ

ដោយសារតែមានផលប៉ះពាល់យ៉ាងខ្លាំងពីព្យុះ Ketsana ក្នុងឆ្នាំ២០០៩ ទៅលើជីវភាពរស់នៅរបស់ប្រជាជនកម្ពុជារាប់ពាន់នាក់នៅបណ្តាខេត្តភាគខាងជើងនិងភាគឦសាន បានជំរុញ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឱ្យបង្កើតប្រាក់កម្ចីពិសេសសម្រាប់ជនរងគ្រោះនិងអ្នកដទៃទៀតដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់ ភាពរាំងស្ងួត និងព្យុះជាដើម។

កម្ចីគ្រាអាសន្នត្រូវបានបង្កើតឡើងសម្រាប់ជួយដល់គ្រួសារដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិក្នុងការចាប់ផ្តើមទ្បើងវិញឬចាប់ផ្តើមអាជីវកម្មខ្នាតតូចឬសកម្មភាពកសិកម្មដើម្បីបង្កើនចំណូលគ្រួសាររបស់ពួកគេ។ កម្ចីនេះមានទំហំរហូតដល់៦០០ដុល្លារអាមេរិក ហើយមិនត្រូវការវត្ថុបញ្ចាំនោះទេ។

ការយកចិត្តទុកដាក់និងការគាំទ្រជាពិសេស ត្រូវបានផ្តល់ជូនដល់អតិថិជនក្រុមនេះរួមទាំងជំនួយក្នុងការបង្កើតផែនការអាជីវកម្មនិងការគ្រប់គ្រងប្រាក់ ដើម្បីធានាថាប្រាក់កម្ចីរបស់យើងនឹងមិនបន្ថែមភាពតានតឹងផ្នែកហិរញ្ញវត្ថុនិងបន្ទុកដល់ពួកគេទ្បើយ។

កម្ចីសម្រាប់ជនពិការ

កម្ពុជាមានអត្រាជនពិការខ្ពស់នៅក្នុងពិភពលោកបន្ទាប់ពីឆ្លងកាត់សង្គ្រាមនិងភាពក្រីក្ររួចមក។  ដើម្បីដើរតួនាទីក្នុងការផ្តល់អំណាចដល់ក្រុមពិសេសនេះ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានផ្តល់កម្ចីដល់អតិថិជនដែលមានទម្រង់ពិការភាពមួយចំនួន។ ជំនួយហិរញ្ញវត្ថុនេះបានផ្តល់ក្តីសង្ឃឹមនិងការស្តារឡើងវិញនូវការគិតពិចារណាខ្លួនឯងចំពោះជនពិការកម្ពុជា។ នាពេលបច្ចុប្បន្ន យើងមានអតិថិជនជាជនពិការចំនួន៤២៨នាក់ជាមួយផលប័ត្រឥណទានចំនួន១៥១,០៧៦ដុល្លារអាមេរិក។

កម្ចីសម្រាប់អ្នកឆ្លងមេរោគអេដស៍ ក្មេងកំព្រា និងគ្រួសារកុមារដែលងាយរងគ្រោះ

នៅឆ្នាំ២០០៧ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានធ្វើការក្នុងភាពជាដៃគូជាមួយអង្គការ KHANA ក្នុងការចាប់ផ្តើមផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អ្នកឆ្លងមេរោគអេដស៍ ក្មេងកំព្រា និងគ្រួសារកុមារដែលងាយរងគ្រោះនៅក្នុងខេត្តកំពង់ចាម ជាមួយនឹងគោលបំណងជំនះឧបសគ្គចំពោះឱកាសសេដ្ឋកិច្ចដែលពួកគេជួបប្រទះ។ វិធីសាស្រ្តមីក្រូហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដំបូងបង្អស់នៅកម្ពុជាបានកំពុងបន្តនិងពង្រីកបន្ថែមទៀតជាមួយអង្គការទស្សនៈពិភពលោកកម្ពុជារហូតដល់ថ្ងៃនេះ។ យើងបានបម្រើអតិថិជនដែលឆ្លងមេរោគអេដស៍ ក្មេងកំព្រា និងគ្រួសារកុមារដែលងាយរងគ្រោះចំនួន២៤៤នាក់ ជាមួយផលប័ត្រឥណទានចំនួន៥៥,៦៩១ដុល្លារអាមេរិកនៅតាមបណ្តាខេត្តក្រុងដែលយើងប្រតិបត្តិការ។ ជាមួយមីក្រូហិរញ្ញវត្ថុ ក្រុមងាយរងគ្រោះទូទៅអាចមានលទ្ធភាពក្នុងការបង្កើនប្រាក់ចំណូលរបស់ពួកគេ ទទួលបានការព្យាបាលដោយថ្នាំប្រឆាំងនឹងមេរោគល្អប្រសើរជាងមុន កាត់បន្ថយនូវការមាក់ងាយនិងការរើសអើង និងទទួលបានភាពសុទិដ្ឋិនិយមសម្រាប់ជីវិតរបស់ពួកគេ។

កម្ចីដើម្បីលើកកម្ពស់សិទ្ធិកុមារ

ដាប់ប៊ែលយូប៊ី ហ្វាយនែន សហការជាមួយការិយាល័យជាតិនៃអង្គការពលកម្មអន្តរជាតិនិងអង្គការ Plan International Cambodia ដើម្បីផ្តល់កម្ចីទៅដល់គ្រួសារក្រីក្រដែលមានបំណងបង្កើតប្រាក់ចំណូល និងធ្វើការសង្កត់ធ្ងន់ទៅលើការការពារសិទ្ធិកុមារ។

ការសហការនេះមានបំណងផ្តល់លទ្ធភាពឱ្យកុមារងាយរងគ្រោះទទួលបានឱកាសកាន់តែប្រសើរជាងមុន រួមទាំងការទទួលបានការអប់រំផងដែរ ជាជាងការត្រូវការការងារដើម្បីទ្រទ្រង់ដល់ជីវភាពក្រុមគ្រួសាររបស់ពួកគេ។ តាមការប៉ាន់ប្រមាណនាពេលបច្ចុប្បន្នមានកុមារចំនួន១៩,៦០៥នាក់បានទទួលផលប៉ះពាល់វិជ្ជមានពីកម្ចីចំនួន២,១៤៥,៦៣៨ដុល្លារអាមេរិក ដែលបានផ្តល់ឲ្យទៅកាន់គ្រួសាររបស់ពួកគេនៅក្នុងទីក្រុងភ្នំពេញ តាមជាយក្រុង កំពង់ចាម និងសៀមរាប។

អាហារូបករណ៍សម្រាប់កុមារ/កម្មវិធីអតិថិជនឆ្នើម

ដើម្បីជួយពន្លឿនក្តីសង្ឃឹមនិងបំណងប្រាថ្នាសម្រាប់ធនធានមនុស្សជំនាន់ក្រោយរបស់កម្ពុជា ដាប់ប៊ែលយូប៊ី ហ្វាយនែន បានផ្តល់អាហារូបករណ៍ឲ្យទៅកូនៗរបស់អតិថិជនរបស់ខ្លួនចាប់តាំងពីឆ្នាំ២០០៧។ មកដល់ពេលនេះ មានកុមារចំនួន៥៤នាក់នៃអតិថិជនរបស់យើងដែលបានទទួលអាហារូបករណ៍ប្រចាំឆ្នាំដែលមានទឹកប្រាក់ចំនួន១០០ដុល្លារអាមេរិក សម្រាប់យកទៅទិញសម្ភារសិក្សាហើយទឹកប្រាក់ដែលនៅសល់ត្រូវបានរក្សាទុកក្នុងគណនីសន្សំរបស់កុមាររហូតដល់ពេលបញ្ចប់ថ្នាក់វិទ្យាល័យ។

អាហារូបករណ៍នោះ បានជួយជំរុញអតិថិជនដែលជាអ្នកភូមិនៅជនបទឲ្យចាប់ផ្តើមឲ្យតម្លៃនិងសារៈសំខាន់ទៅលើការអប់រំរបស់កូនៗពួកគាត់។ នេះគឺជាអត្ថប្រយោជន៍មួយក្នុងចំនោមអត្ថប្រយោជន៍ជាច្រើនទៀតដែលផ្តល់ជូនអតិថិជនរបស់យើងដែលបានជ្រើសរើសជាអតិថិជនឆ្នើមជារៀងរាល់ឆ្នាំ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យមួយចំនួន ដែលរួមទាំងភាពជោគជ័យរបស់ពួកគេក្នុងការប្រើប្រាស់ប្រាក់កម្ចីដើម្បីបង្កើតផលប៉ះពាល់វិជ្ជមានយ៉ាងខ្លាំងដល់គ្រួសាររបស់ពួកគេ។ អតិថិជនឆ្នើមរបស់យើងដែលបានប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់យើងប្រកបដោយប្រសិទ្ធភាព នឹងក្លាយជាគំរូមួយ ដើម្បីជំរុញឲ្យមានភាពជោគជ័យជាបន្តទៀត។ អស់រយៈពេលជាង៤ឆ្នាំនេះ មានអតិថិជនចំនួន៦៧នាក់ក្នុងចំណោមអតិថិជនឆ្នើមទាំងអស់របស់យើង ត្រូវបានជ្រើសរើសជាអ្នកតំណាងអោយអតិថិជនជាច្រើនទៀតរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលទទួលបានស្តង់ដារជីវភាពរស់នៅប្រសើរជាងមុន ដោយសារប្រាក់កម្ចីរបស់ពួកយើង។

ការអប់រំផ្នែកហិរញ្ញវត្ថុនិងខ្លឹមសារអភិវឍ្ឍន៍

ដាប់ប៊ែលយូប៊ី ហ្វាយនែន បានផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុនិងខ្លឹមសារអភិវឍ្ឍន៍ទៅឲ្យអតិថិជនរបស់ខ្លួនសម្រាប់បង្កើតឲ្យមានភាពខ្លាំងផ្នែកហិរញ្ញវត្ថុដែលជាផ្នែកមួយនៃការពង្រឹងគុណភាពកម្ចីជាមួយនឹងការផ្តោតទៅលើសង្គមដ៏រឹងមាំ។ អតិថិជននឹងទទួលបានការពិគ្រោះយោបល់លើអាជីវកម្មនិងការគ្រប់គ្រងសាច់ប្រាក់ រួមទាំងព័ត៌មានជំនួយសម្រាប់ការកាត់បន្ថយការចំណាយនិងការបង្កើនប្រាក់ចំណេញ។ បុគ្គលិករបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ក៏មានភាពសកម្មក្នុងការផ្សព្វផ្សាយសារសង្គមដើម្បីអប់រំដល់អតិថិជនរបស់ខ្លួនអំពីអំពើហិង្សាក្នុងគ្រួសារ ការការពារជំងឺអេដស៍ សិទ្ធិកុមារ សមធម៌យែនឌ័រ និងបញ្ហាសង្គមផ្សេងៗទៀត។

បុគ្គលិករបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុ២ប្រភេទ ដែលមានការអប់រំផ្នែកហិរញ្ញវត្ថុមូលដ្ឋានសំរាប់អតិថិជនកំឡុងពេលផ្តល់ប្រាក់កម្ចី និងការណែនាំអតិថិជនព្រមទាំងការអប់រំហិរញ្ញវត្ថុដ៏ទូលំទូលាយក្នុងកំឡុងពេលផ្តល់ប្រាក់កម្ចីនិង/ឬការប្រមូល។ នៅចុងឆ្នាំ២០១៣ យើងបានផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុមូលដ្ឋានដល់អតិថិជនថ្មីប្រម៉ាន១០០% និងការអប់រំហិរញ្ញវត្ថុទូលំទូលាយជាង៥០%នៃអតិថិជន CB។

សុវត្ថិភាពសម្រាប់អ្នកក្រីក្រ

អតិថិជនរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន អាចរីករាយជាមួយសុវត្ថិភាពសម្រាប់សុខុមាលភាពហិរញ្ញវត្ថុ ខណៈដែលពួកគេនិងសមាជិកគ្រួសាររបស់ពួកគេមានសិទ្ធិទទួលបានទម្រង់នៃឥណទានធានារ៉ាប់រងជីវិតជាមួយនឹងប្រាក់ឧបត្ថម្ភបុណ្យសពដែលជាអត្ថប្រយោជន៍បន្ថែមដែលបានរួមបញ្ចូល។

នៅក្នុងឆ្នាំ២០១៣ អត្ថប្រយោជន៍ដែលមានទឹកប្រាក់១២៦,៦៥០ដុល្លារអាមេរិកត្រូវបានទូទាត់ជូនអ្នកទទួលបណ្តាំមរតកចំនួន៨៦១នាក់របស់អតិថិជនដែលបានស្លាប់ និងប្តីប្រពន្ធនិងកូនៗរបស់ពួកគាត់ផងដែរ។ នាពេលបច្ចុប្បន្នមានអតិថិជនប្រហែល១៨៨,៣៦២នាក់ ត្រូវបានទូទាត់ជាមួយនឹងអត្ថប្រយោជន៍បន្ថែមទៀត ដោយអត្ថប្រយោជន៍ទាំងអស់នោះត្រូវបានចំណាយទៅលើការបង់បំណុលនិងការចំណាយលើពិធីបុណ្យសព ដោយហេតុនេះវាបានជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់អតិថិជនក្រីក្ររបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឬ គ្រួសាររបស់ពួកគេដែលបានពឹងផ្អែកលើការបរិច្ចាគ ប្រាក់សន្សំ និងការទូទាត់ទ្រព្យសកម្មសម្រាប់ដោះស្រាយ។

នៅចុងឆ្នាំ២០១២ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានចាប់ផ្តើមសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងបារាំង Prevoir Kampuchea Micro life Insurance Plc ដើម្បីធ្វើតេស្តទៅលើការធានារ៉ាប់រងសុខភាពនិងពិការភាពសម្រាប់អតិថិជននៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តសៀមរាប។ អតិថិជនដែលទិញសេវាធានារាប់រងនេះ នឹងទទួលបានការរាប់រងទៅលើការវះកាត់ ការព្យាបាលអ្នកជំងឺ និងការព្យាបាលដែលបណ្តាលមកពីគ្រោះថ្នាក់ផ្សេងៗ។ មកដល់បច្ចុប្បន្ននេះ យើងមានអតិថិជនប្រហែល១,៣៧៨នាក់ដែលត្រូវបានរ៉ាប់រងដោយកញ្ចប់ធានារ៉ាប់រងនេះជាមួយនឹងពាក្យស្នើសុំចំនួន១៨ករណី។

Related post