អ្នកស្រី សុខ ស្រីពៅ ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ
អ្នកស្រី សុខ ស្រីពៅ ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ
អ្នកស្រី សុខ ស្រីពៅ បានបញ្ជាក់ប្រកបដោយភាពជឿជាក់ថា “ប្រាក់កម្ចីទី1 ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានជួយខ្ញុំចាប់ផ្តើមមុខរបរចិញ្ចឹមសត្វ ។ ប្រាក់កម្ចីទី2 បានជួយខ្ញុំជួសជុលផ្ទះឈើ រីឯប្រាក់កម្ចីទី3 បានជួយខ្ញុំបង្កើនចំនួនគោ និងមាន់នៅក្នុងកសិដ្ឋានរបស់ខ្ញុំ។ គ្រាន់តែគោពីរក្បាលប៉ុណ្ណោះ អាចឱ្យខ្ញុំរកប្រាក់ចំណូលបានពី 13 លានរៀល ដល់ 14 លានរៀល (ប្រមាណ 2,350-3,500 ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។ តើអ្នកអាចទាយបានទេថាខ្ញុំមានគោចំនួនប៉ុន្មានក្បាលឥឡូវនេះ ដោយមិនរាប់បញ្ចូលសត្វមាន់រាប់រយក្បាលផ្សេងទៀតរបស់ខ្ញុំ?”
ជាស្ត្រីដែលមានភាពឧស្សាហ៍ព្យាយាមម្នាក់ អ្នកស្រី សុខស្រីពៅ មានអាយុ 36 ឆ្នាំរស់នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ អ្នកស្រី មានស្វាមីឈ្មោះមឿន ម៉ុន អាយុ 36 ឆ្នាំ និងមានកូនស្រីម្នាក់អាយុ 11 ឆ្នាំ ដែលកំពុងសិក្សានៅថ្នាក់ទី6។
អ្នកស្រី ជាបុគ្គលិកបម្រើការងារនៅក្នុងមន្ទីរពិសោធន៍របស់ក្រុមហ៊ុនឳសថមួយកន្លែង ប៉ុន្តែអ្នកស្រី មានបំណងចង់ស្វែងរកប្រភពចំណូលបន្ថែមទៀត ដើម្បីឱ្យគ្រួសារមានជីវភាពប្រសើរជាងមុន។ ហេតុដូច្នេះហើយ អ្នកស្រី និងស្វាមី បានសម្រេចចិត្តស្នើសុំ កម្ចីលើកដំបូងមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ដើម្បីចាប់ផ្តើមមុខរបរចិញ្ចឹមសត្វ គឺចិញ្ចឹមគោ និងមាន់សម្រាប់លក់ឱ្យទីផ្សារក្នុងស្រុក។ អ្នកស្រី បានចាប់ផ្តើមជាមួយនឹង កម្ចីដំបូងចំនួន 2,000 ដុល្លារអាមេរិក ពីដាប់ប៊ែលយូប៊ី ហ្វាយនែន ដើម្បីទិញគោចំនួន 3 ក្បាល និងមាន់មួយចំនួន។ ស្វាមីរបស់អ្នកស្រី ក៏បានលាឈប់ពីការងារជាកម្មកររោងចក្រហើយមកផ្តោតលើមុខរបរចិញ្ចឹមសត្វនេះវិញ។
អ្នកស្រី ក៏បានបន្តទៀតថា “កាលពីមុនប្រើប្រាស់កម្ចី ចំណូលគ្រួសាររបស់ខ្ញុំជាមធ្យមប្រហែល 30,000 រៀល (ប្រមាណ 7.50 ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះ ប្រាក់ចំណូលប្រចាំថ្ងៃជាមធ្យមរបស់ខ្ញុំយ៉ាងហោចណាស់ 60,000 រៀល (ប្រមាណ 15 ដុល្លារអាមេរិក) ហើយឥឡូវនេះ យើងមានម៉ូតូ 3 គ្រឿងសម្រាប់សមាជិកគ្រួសារ។”
ដោយមើលឃើញថា កម្ចីដំបូងទទួលបានជោគជ័យ អ្នកស្រី ក៏បានស្នើសុំ កម្ចីទី2 ចំនួន 3,000 ដុល្លារអាមេរិក ដើម្បីកែលម្អគេហដ្ឋានរបស់អ្នកស្រី។ ជាលទ្ធផល អ្នកស្រី មានផ្ទះឈើសមរម្យមួយសម្រាប់ក្រុមគ្រួសារ។ បន្ទាប់មកនាឆ្នាំ 2019 អ្នកស្រី បានសម្រេចចិត្តស្នើសុំកម្ចីទី3 ចំនួន 6,000 ដុល្លារអាមេរិក ដើម្បីបន្ថែមចំនួនទ្រុងសម្រាប់សត្វគោ និងមាន់របស់អ្នកស្រី។ បច្ចុប្បន្ន អ្នកស្រីមានគោចំនួន ១៣ ក្បាល និងមាន់រាប់រយក្បាល ដែល ជួយឱ្យគ្រួសាររបស់អ្នកស្រីទទួលបានប្រាក់ចំណូលល្អ និងមានជីវភាពធូរធារជាងមុនច្រើន។ ជាពិសេស អ្នកស្រីនៅតែបន្តបម្រើការងារ និងទទួលបានប្រាក់បៀវត្សពីក្រុមហ៊ុនឳសថជាធម្មតា។
អ្នកស្រី និងស្វាមី មានសេចក្តីត្រេកអរជាខ្លាំងចំពោះការផ្លាស់ប្តូរជីវភាពរស់នៅក្នុងគ្រួសារ ។ អ្នកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលបានផ្តល់ឱកាស និងបានត្រួសត្រាយផ្លូវឆ្ពោះទៅរកភាពជោគជ័យនេះ។